History of NSSF_ប្រវត្តិរបស់ ប.ស.ស



ប្រវត្តិរបស់ ប.ស.ស
          របបសន្តិសុខសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនមែនទើបតែបង្កើតឡើងទេ វាត្រូវបាន បង្កើតឡើងតាំងពីឆ្នាំ ១៩៥៥ មកម្ល៉េះ គឺត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ ៥៥ និង ព្រះរាជក្រឹត្យលេខ ៣០៦ ។ លុះមកដល់របបកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ របបសន្តិសុខសង្គមនេះ ត្រូវបានលុបចោលទាំងស្រុង ។ ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣ ក៏របបសន្តិ សុខសង្គមនេះមិនទាន់បានចាប់កំណើតវិញនៅឡើយទេ ប៉ុន្តែនៅក្នុងអំឡុងពេលនេះប្រជាពលរដ្ឋ ទាំងអស់នៅទូទាំងប្រទេសគឺទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ និង ដោយស្មើភាពគ្នា មិនថាអ្នកជនបទ ឬ អ្នកក្រុង អ្នកមាន ឬ អ្នកក្រនោះទេ សុទ្ធតែអាចទទួលបានសេវាស្មើៗគ្នា ។
          នៅក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ ដែលរៀបចំឡើងដោយ អ៊ុនតាក់ រួចមកនាយកដ្ឋាន សន្តិសុខសង្គម ក៏ត្រូវបានបង្កើតឡើងវិញ ដែលនាយកដ្ឋាននេះមានតួនាទីទទួលខុសត្រូវរៀបចំនូវ រាល់ប្រកាស និង លិខិតបទដ្ឋានគតិយុត្តិសម្រាប់អនុវត្តកិច្ចគាំពារសន្តិសុខសង្គម ដល់ប្រជាជន និង ជនដែលធ្វើការក្នុងវិស័យឯកជន ។ រហូតមកដល់ឆ្នាំ ២០០២ រដ្ឋសភាជាតិក៏បានអនុមតិច្បាប់ស្តីពី របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ពីពីការងារឡើង  
          នៅឆ្នាំ ២០០៧ បេឡាជាតិរបបសន្តិសុខសង្គម ដែលហៅកាត់ថា (ប.ស.ស) ក៏ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី ០២ ខែ មីនា ឆ្នាំ​ ២០០៧[1] ដើម្បីជំនួសនាយកដ្ឋានសន្តិសុខសង្គមវិញ ។ បេឡាជាតិរបបសន្តិសុខសង្គមនេះ ត្រូវបានបង្កើត ឡើងដើម្បីគ្រប់គ្រង កិច្ចការផ្នែកកិច្ចគាំពារសន្តិសុខសង្គមឲ្យស្របទៅតាមច្បាប់ស្តីពីសន្តិសុខសង្គម និង លិខិតបទ ដ្ឋានគតិយុត្តិនានាដែលពាក់ព័ន្ធ ។ ក្រោយការរៀបចំអស់រយៈពេលជាយូរមកនេះ ទើប ប.ស.ស អាចដំណើរការបាន នៅចុងឆ្នាំ ២០០៨ ។
     សញ្ញារបស់ ប.ស.ស
          សញ្ញារបស់ ប.ស.ស ត្រូវបានបង្កើតឡើងដោយប្រកាសរបស់ក្រសួងការងារ និង បណ្តុះ       បណ្តាលវិជ្ជាជីវៈលេខ ២៣៣ កប/ប្រក ចុះថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០០៨ ។
សញ្ញានេះមានរូបសណ្ឋាន និង អត្ថន័យដូចខាងក្រោម[2]


 





-        រូបរាងទាំងមូល មានរាងមូលព័ទ្ធដោយកួរស្រូវរាងស្នែងក្របីពណ៌ទឹកមាស រូបរាងខាងក្នុងមាន រូបមនុស្សប្រុស-ស្រី នៅខាងក្នុងកងចក្រ និង គម្របពណ៌ទឹកសមុទ្ររាងជាពាក់កណ្តាល រង្វង់ ។ នៅលើផ្ទៃគម្របកងចក្រមានសរសេរអក្សរ “ប.ស.ស” និង NSSF ។ ព័ទ្ធជុំវិញ កងចក្រមានផ្តុំតួអក្សររាងជារង្វង់ដាក់ថា “បេឡាជាតិរបបសន្តិសុខសង្គម” និង “National Social Security Fund” ។
-        កួរស្រូវពណ៌ទឹកមាសមាន ៩ ថ្នាក់ តំណាងនូវតាវកាលិកទាំងប្រាំបួន ដែលត្រូវអនុវត្តជាជំហានៗ តាមស្ថានភាពសេដ្ឋកិច្ច និង សង្គម ។
-        អក្សរបេឡាជាតិរបបសន្តិសុខសង្គម និង National Social Security Fund ពណ៌ទឹកសមុទ្រ រាងជារង្វង់ តំណាងឈ្មោះគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានបេសកម្មក្នុងការគ្រប់គ្រង និង ចាត់ចែងរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទ ប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ។
-        រូបពាក់កណ្តាលរង្វង់គ្របពីលើកងចក្រ ពណ៌ទឹកសមុទ្រ ដែលមានអក្សរ ប.ស.ស និង NSSF ពណ៌ស តំណាងនូវការការពារហានិភ័យសង្គមចំពោះកម្មករនិយោជិត ដែលស្ថិត នៅក្រោម បទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ។
-        រូបកងចក្រពាក់កណ្តាលរង្វង់ពណ៌ទឹកសមុទ្រ តំណាងនូវការចូលរួមពីវិស័យឯកជន ។ រីឯ កាំកងចក្រចំនួន ៩ តំណាងនូវសមាសភាពក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម ទាំង ៩ រូប ។
-        រូបមនុស្ស ប្រុស-ស្រី ស្ថិតនៅខាងក្នុងកងចក្រ តំណាងនូវកម្មករនិយោជិត ដែលត្រូវទទួលបាន ការការពារពីរបបសន្តិសុខសង្គមតាមច្បាប់ ។
សញ្ញារបស់បេឡាជាតិរបបសន្តិសុខសង្គមត្រូវបានប្រើប្រាស់ជាផ្លូវការដូចខាងក្រោម[3]
-        ប្រើប្រាស់លើក្បាលលិខិតជាផ្លូវការរបស់អង្គភាព
-        ដាក់នៅកន្លែងធ្វើការ
-        ពាក់នៅលើឯកសណ្ឋានមន្ត្រីរាជការរបស់អង្គភាព
ប្រើប្រាស់ជាផ្លូវការផ្សេងៗ ។


[1] អនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០០៧ ស្តីពី ការបង្កើតបេឡាជាតិរបបសន្តិសុខសង្គម
[2] ប្រការ២ នៃប្រកាសលេខ ២៣៣ កប.ប្រក ចុះថ្ងៃទី ២៥ -វិច្ឆិកា-២០០៨ ស្តីពី ការបង្កើតសញ្ញារបស់បេឡាជាតិរបបសន្តិសុខសង្គម
[3] ប្រការ៣ នៃប្រកាស  ស្តីពី ការបង្កើតសញ្ញារបស់បេឡាជាតិរបបសន្តិសុខសង្គម

0 comments:

Post a Comment