តួនាទីរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង់ទ្រព្យសម្បត្តិរដ្ឋ

ខ.៣-តួនាទីក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិឯកជន និង សាធារណៈរបស់រដ្ឋ

          យោងតាមមាត្រា ១៤៥ថ្មី (មួយ) នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៣ចែងថា ទឹកដីព្រះរាជាណាចក្រកម្ពុជាបែងចែកជារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឃុំ សង្កាត់។
        រដ្ឋ (រាជរដ្ឋាភិបាល) ត្រូវថែរក្សាការពារបរិស្ថាន និង តុល្យភាព នៃភោគទ្រព្យធម្មជាតិ ហើយត្រូវចាត់ចែងឲ្យមានផែនការច្បាស់លាស់ ក្នុងការគ្រប់គ្រង មានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ភោគោត្តសាស្ត្រ ប្រព័ន្ធអេកូឡូស៊ី រ៉ែ ថាមពល ប្រេងកាតនិងឩស្ម័ន ថ្ម និង ខ្សាច់ ត្បូងថ្ម ព្រៃឈើ និង អនុផលព្រៃឈើ ពពួកសត្វព្រៃ មច្ឆជាតិ ធនធានជលផល។ (មាត្រា ៥៩នៃ រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣)។
          ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាទសមុទ្រ  ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗ ដែលបានកំណត់ថា ជារបស់រដ្ឋ។ ការគ្រប់គ្រង ការប្រើប្រាស់ និង ការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ នឹងត្រូវកំណត់ក្នុងច្បាប់។ (មាត្រា ៥៩នៃ រដ្ឋធម្ម-    នុញ្ញកម្ពុជា ឆ្នាំ១៩៩៣)។​
          ដោយទៅតាមអនុក្រឹត្យលេខ ១២៩អនក្រ.បក ចុះថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីវិធាន និង នីតិវិធីនៃការធ្វើអនុប្រយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និង របស់នីតិបុគ្គលសាធារណៈ ចែងថា រាជរដ្ឋាភិបាលគឺជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ដែលស្ថិតនៅក្រោមការកាន់កាប់ ការ ប្រើប្រាស់ ការថែរក្សា​ ការធ្វើអាជីវកម្មរបស់ក្រសួង ស្ថាប័ន ខេត្តក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង របស់នីតិបុគ្គលសាធារណៈ។ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គឺជាអាជ្ញាធរ គ្រប់គ្រងទ្រព្យសម្បត្តិ របស់រដ្ឋ។ អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ គឺជាសេនាធិការ របស់រាជរដ្ឋាភិបាលលើកាលក់ ការដូរ និង ការជួលនូវទ្រព្យសម្បត្តិ របស់រដ្ឋ។ អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ត្រូវរាយការណ៍ អំពីលទ្ធផលនៃការជួល ការលក់ និង ការដូរ ចលនទ្រព្យ និង អចលនទ្រព្យ ដែលជារបស់ រដ្ឋ ជូនរាជរដ្ឋាភិបាល (មាត្រា២ នៃអនុក្រឹត្យ)។
          ទ្រព្យសម្បត្តិរបស់រដ្ឋរួមមាន ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និង ទ្រព្យសម្បត្តិឯកជនរបស់ រដ្ឋ។ ទ្រព្យសម្បត្តិទាំងនេះ អាចជាចលនវត្ថុ និង អចលនវត្ថុ។ ទ្រព្យសម្បត្តិរបស់រដ្ឋសំដៅទៅលើ ទ្រព្យទាំងឡាយណាដែលកំពុងកាន់កាប់ប្រើប្រាស់ ការថែរក្សា ការធ្វើអាជីវកម្មរបស់ក្រសួង ស្ថាប័ន ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងទ្រព្យសម្បត្តិទាំងឡាយណា ដែលរដ្ឋប្រគល់ទៅឲ្យនីតិបុគ្គល សាធារណៈដទៃទៀត កាន់កាប់ប្រើប្រាស់ ថែរក្សា និង ធ្វើអាជីវកម្ម។
   ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ គឺមានទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋ ក្រៅពីទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ ដូចដែលមានចែងក្នុងមាត្រា ៥៨ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ ព្រមទាំងមាត្រា ១២និង មាត្រា១៥ នៃច្បាប់ភូមិបាល ឆ្នាំ២០០១។
     ​​​​​គ្រប់ទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋដែលរួមមានទាំងទ្រព្យសម្បត្តិ ដែលកំពុងស្ថិតនៅក្រោមការកាន់កាប់ របស់នីតិបុគ្គលសាធារណៈត្រូវចុះនៅក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋ តាមបែបបទ និង នីតិវិធី ដែលត្រូវកំណត់ក្នុងប្រកាសរសប់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
      អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋ ត្រូវធ្វើបញ្ជីសារពើភ័ណ្ឌប្រចាំឆ្នាំនីមួយៗឲ្យបានត្រឹម ត្រូវរួចរាល់ និង ផ្ញើទៅអាជ្ញាធរគ្រប់គ្រង់ទ្រព្យសម្បត្តិរបស់រដ្ឋ យ៉ាងយូរនៅចុងត្រីមាសទីមួយ នៃឆ្នាំ បន្ទាប់។ អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋ ត្រូវទទួលខុសត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះ មុខរាជ រដ្ឋាភិបាល ក្នុងករណីមិនអាចសម្រេចបាននូវការធ្វើបញ្ជីសារពើភ័ណ្ឌតាមពេលវេលាកំណត់ និង ពុំបានចុះបញ្ជីអស់គ្រប់ចំនួននូវទ្រព្យសម្បត្តិ របស់រដ្ឋក្នុងបញ្ជីសារពើភ័ណ្ឌ។ រាល់បញ្ជីសារពើភ័ណ្ឌដែល បានរៀបចំរួចរាល់ អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋ ត្រូវផ្តល់ចំនួនពីរច្បាប់ជូនដល់ អាជ្ញាធរ គ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីតំកល់ទុកនិងតាមដាន។ អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរបស់ រដ្ឋត្រូវរាយការណ៍ ជារៀងរាល់ឆ្នាំនូវលទ្ធផលស្តីពីការរៀបចំបញ្ជីសារពើភ័ណ្ឌ ជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី។
          ចំពោះការជួល ការលក់ និង ការដូរទ្រព្យសម្បត្តិរបស់រដ្ឋធ្វើតាមនីតិវិធីដូចខាងក្រោម៖
  • ចំពោះការជួលទ្រព្យសម្បត្តិឯកជនជាចលនវត្ថុ៖ ជាសមត្ថកិច្ចរបស់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរសប់រដ្ឋលើកលែងតែចលនវត្ថុដែលមានតម្លៃខ្ពស់។ អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិ របស់រដ្ឋត្រូវរៀបចំឯកសារឲ្យបានត្រឹមត្រូវ នូវរាល់ឯកសារ ពាក់ព័ន្ធ នឹងទ្រព្យសម្បត្តិឯកជន របស់រដ្ឋ ដែលជាកម្មវត្ថុនៃការជួល រួចលើកសំណើសុំជួល ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនោះ មកអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីពិនិត្យ និង លើកយោបល់សុំការសម្រេចពី រាជរដ្ឋាភិបាល។ រីឯការជួលទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដែលជា អចលនទ្រព្យ ជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល។
  • ចំពោះការជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ៖  អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិ របស់រដ្ឋត្រូវរៀបចំ ឯកសារឲ្យបានត្រឹមត្រូវ នូវរាល់ឯកសារពាក់ព័ន្ធនឹងទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋដែល ជាកម្មវត្ថុនៃការជួល រួចលើកសំណើសុំជួលទ្រព្យសម្បត្តិសាធារនៈរបស់រដ្ឋនោះ មកអាជ្ញាធរ គ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីពិនិត្យ និង លើកយោបល់សុំការសម្រេចពី រាជ  រដ្ឋាភិបាល។ កិច្ចសន្យាជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចមានរយៈពេលលើសពី ១៥​(ដប់ប្រាំ) ឆ្នាំបានទេ។ ការជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋត្រូវគោរពតាមលក្ខខណ្ឌដូចខាង ក្រោម៖
  • ការជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនត្រូវធ្វើឲ្យមានការកែប្រែទិសដៅនៃការប្រើប្រាស់ ឬ ធ្វើ ឲ្យខូចខាតដល់ទ្រព្យសម្បត្តិទាំងនោះឡើយ។
  • ការជួលទ្រព្យសម្ប្តត្តិសាធារណៈរបស់រដ្ឋមិនត្រុវធ្វើឲ្យប៉ះពាល់ឬ ធ្វើឲ្យផ្លាស់ប្តូរដល់មុខងារបំរើសេវា សាធារណៈរបស់ទ្រព្យសម្បត្តិទាំងនោះឡើយ។
- ​​​   ចំពោះការលក់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ៖ អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋ ជាអ្នកលើក សំណើសុំលក់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ហើយត្រូវរៀបចំឯកសារឲ្យបានត្រឹមត្រូវ នូវរាល់ឯកសារ ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលជាកម្មវត្ថុនៃការលក់ទៅឲ្យភាគីម្ខាងទៀត រួចលើកសំណើ សុំជួលទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនោះ មកអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីពិនិត្យ និង លើកយោបល់សុំការសម្រេចពី រាជរដ្ឋាភិបាល។ការលក់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដែលជាចលនទ្រព្យ ជាសមត្ថកិច្ចរបស់អាជ្ញាធរគ្រប់គ្រងទ្រព្យសមប្បត្តិរបស់រដ្ឋ លើកលែងតែចលនទ្រព្យដែលមានតម្លៃខ្ពស់។ ចំពោះការលក់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដែលជាអចលនទ្រព្យ ជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល។
- ចំពោះការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ៖ អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិ របស់រដ្ឋត្រូវរៀបចំឯកសារ ឲ្យបានត្រឹមត្រូវ នូវរាល់ឯកសារពាក់ព័ន្ធនឹងទ្រព្យសម្បត្តិឯកជន របស់រដ្ឋ ដែលជាកម្មវត្ថុនៃការដូរ ជាមួយនឹងទ្រព្យសម្បត្តិដែលផ្តល់ដោយឯកជន រួចលើកសំណើ មកអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីពិនិត្យ និង លើកយោបល់សុំការសម្រេចពី រាជរដ្ឋាភិបាល។ ការដូរទ្រព្យសម្បត្តិឯកជន របស់រដ្ឋនេះធ្វើឡើងក្នុងគោលដៅ ដោះស្រាយទីកន្លែងបំពេញការងារ រៀបចំតំបន់រដ្ឋបាលឲ្យបាន សមស្របតាមតម្រូវការជាក់ស្តែង និង តាមនិន្នាការអភិវើឌ្ឍន៍។ ការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដែល ជាចលនទ្រព្យជា សមត្ថកិច្ចរបស់អាជ្ញាធរគ្រប់គ្រងទ្រព្យសមប្បត្តិរបស់រដ្ឋ លើកលែងតែចលន ទ្រព្យដែលមានតម្លៃ     ខ្ពស់។ ចំពោះការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដែលជាអចលនទ្រព្យ ជាសមត្ថ កិច្ចរបស់រាជរដ្ឋាភិបាល។
          រាល់ថវិការដែលបានមកពីការជួល ការលក់ ទ្រព្យសម្បត្តិ ឯកជន និង ទ្រព្យសម្បត្តិ សាធារណៈ របស់រដ្ឋ​ ត្រូវបង់ចូលជាថវិការរដ្ឋក្នុងខ្ទង់ចំណូលផលទុននៃទ្រព្យសម្បត្តិរបស់រដ្ឋ ឬ ក្នុងខ្ទងចំណាយ ផ្សេងទៀតតាមការកំណត់របស់រាជរដ្ឋាភិបាល។
  រាល់ការលក់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និង​ របស់នីតិបុគ្គលសាធារណៈ គឺត្រូវធ្វើអនុប្រយោគ ទៅតាមគោលការណ៍ និង បទប្បញ្ញត្តិដូចមានចែងក្នុងព្រះរាជក្រឹត្យស្តី គោលការណ៍ និង បញ្ញត្តិអន្តរកាលនៃការធ្វើអនុប្រយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និង របស់នីតិបុគ្គលសាធារណៈ។ 
 
ដកស្រង់ចេញពីកិច្ចការស្រាវជ្រាវ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ៖នីតិឯកជន, របស់លោក វ៉ាន់ ប៊ុនធឿន

0 comments:

Post a Comment